September 2022 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ផ្លូវល្បឿនលឿន​ភ្នំពេញ​-ក្រុងព្រះសីហនុ​ ចាប់ផ្តើមបើកឱ្យពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃនៅព្រឹកនេះហើយ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ​)៖​ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី​០១​ ខែតុលា​ ឆ្នាំ២០២២នេះ​ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីព្រឹកនេះហើយ។

ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។

សូមជម្រាបដែរថា​ នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្មចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។​ ទីតាំងទាំង៤ រួមមាន៖ ទីតាំងកំពង់ស្ពឺ (គ.ម 40), ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63), ទីតាំងកំពង់សិលា (គ.ម 109) និងទីតាំងព្រៃនប់ខាងលិច (គ.ម 156)។

ផ្លូវល្បឿនលឿននេះ ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖

* គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។

* គន្លងផ្លូវសម្រាប់ជែង៖ ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លង ផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ។

ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវ សម្រាប់ចរាចរណ៍ ធម្មតាដដែល។ ក្នុងករណីនេះយានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

* គន្លងផ្លូវសម្រាប់ឈប់បន្ទាន៖ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្ត សង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន។

ផ្លូវល្បឿនលឿន​នេះ​ បានការកំណត់ល្បឿនបើកបរ​» ល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត(អតិបរមា )​ដូចជា៖

ទី១៖​ ល្បឿន 60 - 120km/h រថយន្តគ្រួសារ/ធុនស្រាល

ទី២៖​ ល្បឿន 60 - 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ

ទី៣៖​ ល្បឿន 60 - 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត

ករណីផ្លូវកោងច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

ផ្លូវល្បឿនលឿន​នេះដែរមានច្រកចេញ-ចូល ទាំងអស់ចំនួន៨ទីតាំងរួមមានដូចជា៖

*ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រ ៣

* ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រ ២៦

* ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រ ៤៣

* ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រ ៧៦

* ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ ១១៤

* ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ ១៣៥

* ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ ១៧២

* ច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រ ១៨២

សូមជម្រាបដែរថា​ ផ្លូវល្បឿនលឿន​នេះសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រឆាំងនឹងការបង្កើតរដ្ឋ ការផ្ដាច់រដ្ឋ ផ្ដាច់ទឹកដី ការប្រើប្រាស់កម្លាំង ឬគម្រាមប្រើប្រាស់កម្លាំង

ចំនួនអ្នកទស្សនា: Views

      



 សៀមរាប: ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធជាមួយជំហររបស់កម្ពុជាជុំវិញការធ្វើប្រជាមតិ ដើម្បីកាត់យកទឹកដីប្រទេសអ៊ុយក្រែនបញ្ចូល ទៅ ឱ្យប្រទេសរុស្ស៊ីនោះ ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រឆាំងនឹងការបង្កើតរដ្ឋ ការផ្ដាច់រដ្ឋ ផ្ដាច់ទឹកដី ការប្រើប្រាស់កម្លាំង ដោយប្រឆាំងជាមួយការប្រើប្រាស់កម្លាំង ឬគម្រាមប្រើប្រាស់កម្លាំង។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង ២ ៨០០ គ្រួសារ ដែលបានស្ម័គ្រចិត្តផ្លាស់ទីពីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ មករស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី០ ១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រសួងការបរទេស បានស្នើសុំយោបល់មកសម្ដេច ពាក់ព័ន្ធនឹងបញ្ហាធ្វើប្រជាមាតិ កាត់យកទឹកដីប្រទេសអ៊ុយក្រែនបញ្ចូលទៅឱ្យប្រទេសរុស្ស៊ី ថាតើកម្ពុជាមានជំហរយ៉ាងណានោះ សម្ដេចតេជោថ្លែងបញ្ជាក់ថា សម្ដេចធា្លប់បានប្រកាសហើយថា យើងអត់គាំទ្រទេ ហើយកម្ពុជាប្រឆាំងនឹងការបង្កើតរដ្ឋ ការផ្ដាច់រដ្ឋ ផ្ដាច់ទឹកដី ការប្រើប្រាស់កម្លាំង ដោយប្រឆាំងជាមួយការប្រើប្រាស់កម្លាំង ឬគម្រាមប្រើប្រាស់កម្លាំង។ ដូច្នេះគេអាចយល់បានហើយ ប្រសិនបើសេចក្ដីសម្រេចដែលព្រាងឡើងដោយសហរដ្ឋអាមេរិក និងអាល់បានី ដាក់ឆ្លងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបានទេ ច្បាស់ជាទៅមហាសន្និបាតអង្គការសហប្រជាជាតិហើយ។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា កម្ពុជាអត់មានជម្រើសណាផ្សេង ព្រោះថា យើងគិតទៅមើល បើនៅសុខ ៗគេលើកទ័ពមកដាក់នៅខេត្ តសៀមរាបមួយ បន្ទាប់មកធ្វើប្រជាមាតិ ដើម្បីផ្ដាច់ខ្លួនថាខេត្តសៀមរាបជារដ្ឋឯករាជ្យមួយ តើយើងទទួលបានដែរ ឬអត់។ ពិតជាទទួលយកមិនបាននោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើថា ករណីដូចគ្នាសូម្បីតែនៅអឺរ៉ុប ដូចជា កូសូវ៉ូ ដែលបង្កើតឡើងដោយណាតូ និងខាងអឺរ៉ុប ក៏យើងមកដល់ម៉ោងនេះ ក៏យើងមិនទទួលស្គាល់ទេ។ នេះជាជំហរជាក់លាក់របស់កម្ពុជា៕ដោយ៖ ជឹម ណារី សម្រួលផ្សាយដោយ៖ dara

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ទំនប់ដូនទ្រី

ចំនួនអ្នកទស្សនា: Views

   

បាត់ដំបង: ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ទំនប់ដូនទ្រី ដែលស្ថិតក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីថ្ងៃទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានឱ្យដឹងថា គម្រោងសាងសង់ទំនប់ដូនទ្រីក្នុង ខេត្តបាត់ដំបង ក្រោមជំនួយរបស់ភាគីកូរ៉េ មកទល់ពេលនេះសម្រេចសាងសងើបានក្នុងរង្វង់ ៦០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុង ឆ្នាំ២០២៤។ លោកប្រធានមន្ទីរបន្ដថា ក្រោយការសាងសង់ចប់ អាងទឹកនេះ អាចស្តុកទឹកបាន ១៦៣ លានម៉ែត្រគូប ដែលមានផ្ទៃរងទឹកភ្លៀងជាង ៣ពាន់គីឡូម៉ែត្រក្រឡា និងអាចស្រោចស្រពបានចំនួនផ្ទៃដី ៤ ម៉ឺន ហិកតា នៅក្នុងខែវស្សា និង ខែប្រាំងចំនួន ២ ម៉ឺនហិកតា។

គួរជម្រាបជូនថា ម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុង ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ ហើយក្រោយពេលបញ្ចប់ការកសាង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង សង្ឃឹមថា ទំនប់ទឹកនេះនឹងជួយដោះស្រាយបញ្ហាទឹកនៅក្នុងតំបន់កាន់តែល្អប្រសើរ៕ ដោយ៖ ណយ នឿ (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅទីទួលសុវត្ថិភាព បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា

ចំនួនអ្នកទស្សនា: Views

 


ព្រះវិហារ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក យុង គឹមហ៊ាន នាយកសាខាកាកបាទក្រហម កម្ពុជាខេត្តព្រះវិហារនិងលោក នូ តារាមុនី្ន អនុប្រធាន គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ រួមជាមួយក្រុមការងារ បាននាំយកអំណោយ មនុស្សធម៌ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះ ដោយសារទឹកជំនន់ចំនួន ៣០គ្រួសារ(ភូមិគោកបេង ០៩គ្រួសារ ភូមិថ្មី ២១គ្រួសារ)ក្នុងសង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ។

នៅក្នុងឱកាសនោះដែរ លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានគណ:កម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។ លោកក៏បានផ្តាំផ្ញើសូមឱ្យបងប្អូនថែរក្សាសុខភាព ត្រូវហូបទឹកស្អាតជានិច្ច ពិសេសមានការប្រុងប្រយ័ត្នក្នុងពេលទឹកឡើង ការពារកូនតូចៗ ចៀសវាងគ្រោះថ្នាក់ កើតឡើងជាយថាហេតុ។

ឯអំណោយដែលផ្ដល់ជូននោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ និង ទឹកស៊ីអ៊ីវ ១យួរ ៕

មន្ទីរព័ត៌មានខេត្តព្រះវិហារ:សម្រួលដោយដារ៉ា



លោក សាយ សំអាល់៖ ការប្រឡងប្រណាំង «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នឹងជួយឱ្យពលរដ្ឋរស់នៅប្រកបដោយអនាម័យ មានសោភ័ណភាព និងបរិស្ថានល្អ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា តាមរយៈការប្រឡងប្រណាំង «ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព» ក្នុងក្របខណ្ឌសម្បត្តិទី៦ គឺនឹងបានចូលរួមជួយលើកស្ទួយឱ្យភូមិ ឃុំ សង្កាត់ មានសោភ័ណភាព គ្មានសំរាម ធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព មានភាពថ្លៃថ្នូរ ស៊ីវិល័យ ផ្អែកតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន។

ថ្លែងក្នុងកិច្ចប្រជុំ អញ្ជើញជាអធិបតីភាពក្នុងការដឹកនាំកិច្ច ប្រជុំអន្តរក្រសួងស្តីពី «ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្តិភាព» ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី៦ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក សាយ សំអាល់ បានឱ្យដឹងថា៖ «តាមរយៈការអនុវត្តគោលនយោបាយ៖ ការប្រឡងប្រណាំង «ភូមិ ឃុំសង្កាត់មានសុវត្តិភាព» នឹងធ្វើឱ្យទីប្រជុំជន លំនៅដ្ឋាន ទីផ្សារ និងក៏ដូចជាតំបន់ទេសចរណ៍ប្រកបដោយអនាម័យ ដែលជាទីទាក់ទាញវិស័យទេសចរណ៍»

លោករដ្ឋមន្រ្តី បានឱ្យដឹងថា កន្លងមកក្រសួងរៀបចំយន្តការគ្រប់គ្រងសំណល់រឹងសម្រាប និងផ្ទេរមុខងារ ទៅដល់រដ្ឋបាល ស្រុក ក្រុង សំដៅកាត់បន្ថយសំណល់រឹង។ ដើម្បីទ្រាំទ្រនៅយន្តការនេះក្រសួងបានផ្តល់បច្ចេកទេសក្នុងការបង្កើតទីលានចាក់សំរាម ឡាន និងផ្តល់ជាឡដុតសំរាមទៅដល់បណ្តាស្រុកមួយចំនួន។ជាមួយគ្នានេះដែរតាមរយៈការអប់រំផ្សព្វផ្សាយបានធ្វើឱ្យពលរដ្ឋយល់ដឹង និងចូលរួមថែរក្សាអនាម័យបរិស្ថានកាន់តែប្រសើរឡើងជាបន្តបន្ទាប់។

ក្នុងកិច្ចប្រជុំនេះដែរដើម្បីបង្កើនប្រសិទ្ធភាព និងការអនុវត្តចលនាប្រណាំងគោលនយោបាយ «ភូមិ ឃុំសង្កាត់មានសុវត្តិភាព ក្នុងក្របខណ្ឌលក្ខណៈទី៦» នេះ លោក សាយ សំអាល់ បានណែនាំក៏ដូចជាផ្តល់អនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ឋក្នុងការបែងចែកតួនាទីភារកិច្ចការងារ និងក៏ដូចជាជំរុញឱ្យមានការផ្សព្វផ្សាយអប់រំដល់ អាជ្ញាធរ និងពលរដ្ឋដើម្បីឱ្យការអនុវត្តការងារកាន់តែទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។

បើតាមលោក កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានបង្ហាញពីលក្ខណៈវិនិច្ឆ័យ និងសូចនាករសម្រាប់វាយតម្លៃ ភូមិ ឃុំសង្កាត់មានសុវត្តិភាព ហើយនិងរួមទាំងនីតិវិធី និងដំណើរការជ្រើសរើសបេក្ខភាពជ័យលាភី ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះមន្រ្តីដែលមកពីអន្តរក្រសួងនានា បានចូលរួមជជែកពិភាក្សាយ៉ាងផុលផុស ហើយដែលត្រូវបានលោករដ្ឋមន្រ្តី សាយ សំអាល់ វាយតម្លៃខ្ពស់សម្រាប់ការយកមកអនុវត្តនៃគោលនយោបាយការប្រឡងប្រណាំង «ភូមិ ឃុំសង្កាត់មានសុវត្តិភាព ក្នុងក្របខណ្ឌលក្ខណៈទី៦» នេះ កានត់ែមានប្រសិទ្ធភាពបន្ថែមទៀតនៅថ្ងៃខាងមុខ៕